ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញប្រកាសទទួលស្គាល់ ឯកឧត្តម ប៉ែន កុសល្យ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តត្បូងឃ្មុំថ្មី

Pakaasea9$

 

(ត្បូងឃ្មុំ) ៖ រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តត្បូងឃ្មុំ។ 


ពិធីនេះបានប្រារព្ធធ្វើឡើងនៅទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ន.ក) ខេត្តត្បូងឃ្មុំ ដែលមានទីតាំងស្ថិតនៅភូមិមេគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម-លោកជំទាវ ជាប្រតិភូសមាគម ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនអតីតយុទ្ធជនយ៉ាងច្រើនកុះករ។


ពិធីនេះ ត្រូវបានប្រកាសទទួលស្គាល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ចូលកាន់តំណែងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក.) ខេត្តត្បូងឃ្មុំថ្មី ព្រមទាំងថ្នាក់ដឹកនាំ សមាជិកសមាជិកាជាច្រើនរូបទៀត ក្នុងគោលបំណងដើម្បី បន្តពង្រឹងរចនាសម្ព័ន្ធដឹកនាំ និងការងារគ្រប់គ្រង ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការបម្រើ និងថែរក្សាសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងខេត្តត្បូងឃ្មុំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។


នៅក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត បានឱ្យដឹងថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ ទូទាំងខេត្តត្បូងឃ្មុំមានអតីតយុទ្ធជនសរុប ៣,០១៦នាក់ ក្នុងនោះបានចូលជាសមាជិក ស.អ.ក. ចំនួន ២,៣២៦នាក់។


ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានផ្ដល់ការទុកចិត្តប្រគល់ភារកិច្ចដ៏សំខាន់នេះ។


ឯកឧត្តមប្រធានគណៈកម្មាធិការ បានគូសបញ្ជាក់អំពី គោលបំណងស្នូល នៃបេសកកម្មរបស់ អ.ន.ក. ខេត្ត គឺដើម្បីលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព និងលើកកម្ពស់តួនាទី របស់អតីតយុទ្ធជន និងនិវត្តជន ឱ្យសក្តិសមនឹងគុណបំណាច់ដ៏ធំធេងចំពោះជាតិ ដើម្បីជាការឆ្លើយតបទៅនឹងការទុកចិត្តនេះ រួមមាន ចំនួន ៩ ចំណុច ដោយផ្តោតសំខាន់លើ៖

-ពង្រឹងយន្តការ និងរចនាសម្ព័ន្ធ៖ រៀបចំបង្កើតលេខាធិការដ្ឋាន និងធានាការគ្រប់គ្រងថវិកាប្រកបដោយតម្លាភាព និងគណនេយ្យភាព។

-ពង្រីកសមាជិកភាព៖ ជំរុញការទទួលស្គាល់អតីតយុទ្ធជន និងនិវត្តជនថ្មីៗ ឱ្យបានទូលំទូលាយ។

-សុខុមាលភាពសមាជិក៖ យកចិត្តទុកដាក់ខ្ពស់លើ ជីវភាពរស់នៅជាក់ស្ដែង និងផ្តល់ការគាំទ្រដល់សមាជិកដែលជួបការខ្វះខាត ឬមានជំងឺ។

-ការងារបេឡាមរណសង្គ្រោះ៖ ធានាការផ្ដល់ការឧបត្ថម្ភទាន់ពេលវេលាដល់គ្រួសារសមាជិកដែលបានទទួលមរណភាព។

-អនុវត្តគោលនយោបាយរដ្ឋាភិបាល៖ ចូលរួមអនុវត្តយុទ្ធសាស្ត្រនានា ពាក់ព័ន្ធនឹងការគាំពារ ពិសេសការផ្តល់ របបសន្តិសុខសង្គម និងសេវា ប.ស.ស.។


ជាទីបញ្ចប់ ឯកឧត្តម ប៉ែន កុសល្យ បានបញ្ជាក់ថា នឹងរង់ចាំទទួលយកនូវរាល់អនុសាសន៍ណែនាំដ៏ថ្លៃថ្លាពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីជាត្រីវិស័យដ៏ភ្លឺស្វាង ក្នុងការដឹកនាំ អ.ន.ក. ខេត្តត្បូងឃ្មុំ ឱ្យសម្រេចបាននូវភារកិច្ច និងបម្រើបងប្អូនអតីតយុទ្ធជន និងនិវត្តជនឱ្យកាន់តែល្អប្រសើរ។


មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិកសមាជិកា នៃសមាគមអតីតយុទ្ធជន និងនិវត្តជនក្នុងខេត្តត្បូងឃ្មុំទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងតម្កល់នូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ។ បន្តអនុវត្តតាមតួនាទី ភារកិច្ច ដែលមានចែងក្នុង្គលក្ខន្តិកៈ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា, សេចក្តីសម្រេច ចិត្តរបស់មហាសន្និបាត ឬមហាសន្និបាតវិសាមញ្ញតំណាង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងប្រទេស ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានី ខេត្ត និងសេចក្តីសម្រេច ឬគោលការណ៍ណែនាំផ្សេងៗ របស់សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឱ្យបានខ្ជាប់ខ្ជួនជាប់ជានិច្ច។


បន្ថែមពីនេះត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធ្វើកិច្ចសហការ និងទំនាក់ទំនងឱ្យបានជិតស្និទ្ធល្អប្រសើរ ជាមួយគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានា ដើម្បី រួមគ្នាជាធ្លុងមួយ ធានារក្សាឱ្យបាននូវសុវត្ថិភាពសង្គម សុខដុមរមនា និងវិបុលភាពជូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top